សកម្មភាពរថយន្តដឹកឈើយ៉ាងអនាធិបតេយ្យរៀងរាល់យប់ ក្នុងទឹកដីខេត្តមណ្ឌលគីរី មិនមានអាជ្ញាធរ សមត្ថកិច្ចមន្ត្រីជំនាញហ៊ានបង្ក្រាប សង្ស័យជាឆ្នាំងបាយរបស់ពួកគាត់!!!
មណ្ឌលគីរី÷ សកម្មភាពរថយន្តស៊េរីទំនើបរាប់សិបគ្រឿង បានដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងដែនតាមច្រកដាក់ដាំចូលទៅប្រទេសវៀតណាម ស្ទើររាល់យប់ មិនដែលឃើញមានអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញលក្នុងខេត្តមណ្ឌលគិរី ហ៊ានបង្ក្រាបនិងទប់ស្កាត់នោះទេ ដែលធ្វើអោយមហាជនទូទៅដាក់ការសង្ស័យថា ប្រហែលជាសមត្ថកិច្ចទាំងនោះ ត្រូវដងត្រូវផ្លែជាមួយនឹងក្រុមឈ្មួញនេះហើយមើលទៅ បានជាមិនហ៊ានបង្ក្រាប ព្រោះខ្លាចប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់។
តាមប្រភពច្បាស់ការ បានប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុកថា ការដឹកជញ្ជូនឈើទាំងនេះ គឺដឹកចេញពីផ្ទះរបស់ឈ្មោះ យាយ រឿន ស្ថិតនៅចំណុច ដេអេ(DA) ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លុះមកដល់មុខសាលាឃុំ រម្យនា ក៍បត់ចូលទៅតាមផ្លូវលំគ្រួសក្រហមវាងក្រុងសែនមនោរម្យ ចេញនៅផ្លូវឆ្ពោះទៅច្រកដាក់ដាំតែម្ដង។
ពាក់ពន្ធ័បទល្មើសដឹកជញ្ជូនឈើខាងលើ ត្រូវបានបងប្អូនអ្នកសារព័ត៌មានយើងស្គាល់យ៉ាងច្បាស់ថា មានមេការ ឈ្មោះលោករិទ្ធ ដែលជាមេក្លោង និងលោកណាង ជាអ្នកមើលការខុសត្រូវតាមដងផ្លូវ និងជួយសម្របសម្រួលជាមួយសមត្ថកិច្ចជំនាញ នៅតាមដងផ្លូវជារៀងរាល់យប់ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនរាល់បទល្មើសព្រៃឈើរបស់ក្រុមខ្លួន ដោយមានអ្នកមើលផ្លូវជួយសម្របសម្រួលជាច្រើននាក់បន្ថែមទៀត នៅតាមគោលដៅនីមួយៗ ហេតុដូច្នេះហើយ បានជានៅក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី ពួកឈ្មួញដឹកជញ្ជូនឈើបានដោយលូនជារៀងរាល់យប់ និងមិនធ្វើឱ្យរំខានដល់មន្ត្រីជំនាញគ្រាក់ៗ នៅក្នុងខេត្តទៀតផង។
មហាជនសំណូមពរទៅដល់ឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ហែម ប៊ុណ្ណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី មេត្តាជួយពិនិត្យទៅលើកូនចៅក្រោមឱវាទ ដែលឈរជើងនៅតាមស្នាក់ការ និងតាមគោលដៅនីមួយៗ ឲ្យចុះធ្វើការមានប្រសិទ្ធភាពផងទាន ដើម្បីកុំឱ្យពួកគេមើលឃើញតែផលប្រយោជន៍ ធ្វើមានបានផ្ទាល់ខ្លួន ហើយឃុបឃិតបង្កើតអំពើពុករលួយ ដោយមិនខ្លាចញញើតបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល៕